Episódios Disponíveis
5 de 24
ជំងឺមហារីក ៖ តើធ្វើដូចម្តេចទើបអាចសម្រួលផលរំខាននៃការព្យាបាលដោយថ្នាំគីមី ?
ថ្ងៃ៤ កុម្ភៈ ជាទិវាពិភពលោកប្រឆាំងនឹងជំងឺមហារីក។ បច្ចុប្បន្ននេះ ជំងឺមហារីកជាដើមហេតុដំបូងគេនៃមរណភាពរបស់មនុស្សនៅលើផែនដី។ មហារីកសម្លាប់ជីវិតច្រើនជាងសង្គ្រាម និងគ្រោះមហន្តរាយធម្មជាតិទៅទៀត។ ប៉ុន្តែមហារីកជាជំងឺដែលអាចព្យាបាលបាន និងព្យាបាលបានជា។ គ្រាន់តែថាក្នុងពេលព្យាបាល អ្នកជំងឺអាចទទួលផលរំខាន ដោយថ្នាំធ្វើទុក្ខខ្លាំង។ តើអ្នកជំនាញគ្មានមធ្យោបាយអ្វីជួយសម្រួលអាការៈធ្វើទុក្ខរបស់ថ្នាំទេឬ ? តើអ្នកជំងឺមហារីកត្រូវធ្វើយ៉ាងណាខ្លះដើម្បីអាចប្រឈមនឹងឥទ្ធិពលថ្នាំ ?
មហារីកជាជំងឺគួរឱ្យខ្លាចរអារបំផុតដែលអាចឆក់យកជីវិតមនុស្សទាំងក្មេង ប៉ុន្តែវេជ្ជសាស្ត្រកាន់តែជឿនលឿន និងអាចព្យាបាលជំងឺមហារីកបានកាន់តែប្រសើរឡើង ឱ្យបានជាសះស្បើយវិញ ក្នុងអត្រាកាន់តែខ្ពស់ នាពេលបច្ចុប្បន្ននេះ ប្រសិនបើគេវែកឃើញជំងឺ បានឆាប់តាំងពីដំណាក់កាលដំបូងមែនទែន។
ប៉ុន្តែការព្យាបាលជំងឺមហារីក ជាក់ស្តែងការព្យាបាលដោយថ្នាំគីមី អាចបង្កផលរំខានច្រើន និងការធ្វើទុក្ខខ្លាំង ដល់អ្នកជំងឺ។ ព្យាបាលដោយគីមី គឺជាការប្រើថ្នាំចាក់ ឬថ្នាំលេប ដែលសំដៅទៅកម្ចាត់កោសិកាមហារីក ឬកំរិតកោសិកាមហារីកកុំឱ្យពង្រីកខ្លួន ឆ្លងរាលដាលទៅលើកោសិកា ឬសរីរាង្គផ្សេងទៀត។ ប៉ុន្តែថ្នាំប្រភេទនេះ មានអំណាចខ្លាំង អាចវាយប្រហារលើកោសិកាល្អ គ្មានជំងឺ និងអាចផ្តល់ផលវិបាក គួរឱ្យខ្លាច ដូចជា ជ្រុះសក់ ក្អួត ចង្អោរ ឈឺក្បាល នឿយហត់ខ្លាំង រលាករលាត់ស្បែក ...
នៅពេលមានអាការៈសញ្ញារំខាន អ្នកជំងឺចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជំងឺមហារីកវិញភ្លាម ដើម្បីរិះរងមធ្យោបាយ និងថ្នាំព្យាបាលអបបន្ថែម។ សម្រាប់លោកស្រីវេជ្ជបណ្ឌិត អាឡិចសង់ដ្រា លារី នៅប្រទេសបារាំងវិញ គ្រូពេទ្យពិតជាអាចរកវិធីជួយសម្រួលអាការៈធ្វើទុក្ខរបស់អ្នកជំងឺរងការព្យាបាលដោយគីមីបានច្រើន នៅតាមស្ថានភាពជាក់ស្តែងនីមួយៗ។ ឧទាហរណ៍ ការជ្រុះសក់។ គ្រប់អ្នកជំងឺទទួលការព្យាបាលដោយថ្នាំគីមី មិនសុទ្ធតែត្រូវជ្រុះសក់ទេ ប៉ុន្តែជ្រុះសក់ជាផលរំខានដ៏ចម្បងមួយ។ ដើម្បីការពារករណីជ្រុះសក់ មន្ទីរពេទ្យជាច្រើននៅប្រទេសបារាំង កំពុងចាប់ផ្តើមសាកល្បងវិធីសាស្ត្រឱ្យអ្នកជំងឺពាក់មួកត្រជាក់ខ្លាំង ដែលមានសីតុណ្ហភាពប្រមាណ៣អង្សា ដូចប្រដាប់ដាក់ទឹកកកយកមកស្អំក្បាល។ ហេតុអ្វីមួកទឹកកក ? ពីព្រោះភាពត្រជាក់អាចរឹតបង្រួមសរសៃឈាមដែលតភ្ជាប់ទៅចិញ្ចឹមស្បែកក្បាល ឱ្យរួមតូច។ ជាលទ្ធផល ថ្នាំគីមីព្យាបាលជំងឺមហារីក មិនអាចហូរតាមឈាមបានដោយស្រួលទៅត្រង់ម្តុំត្រជាក់ខ្លាំងនោះ ទើបឬសសក់នៅមាំល្អមិនជ្រុះ។ ប៉ុន្តែការពាក់មួកទឹកកកមិនមែនតែអាចធ្វើទៅកើតស្រេចនឹងចិត្តទេ។ ត្រូវមានពិធីសារវេជ្ជសាស្ត្រច្បាស់លាស់ ដោយត្រូវពាក់តាំងពីមុនចាក់ថ្នាំគីមីកន្លះម៉ោង និង នៅពេលកំពុង ហើយបន្តពាក់ក្រោយចាក់ថ្នាំគីមីហើយប្រហែលកន្លះម៉ោងទៀត។
ក្នុងករណីមួកត្រជាក់គ្មានប្រសិទ្ធភាព សក់ក៏នឹងដុះឡើងវិញ នៅពេលការព្យាបាលដោយថ្នាំគីមីចប់សព្វគ្រប់ ឬនៅពេលអ្នកជំងឺបានជាសះស្បើយពីជំងឺ ប៉ុន្តែនៅមានករណីមួយ ដែលវេជ្ជសាស្ត្រនៅមិនទាន់អាចរកឃើញមធ្យោបាយជួយបានក្នុងអំឡុងពេលនៃការព្យាបាល គឺអាការៈអស់កម្លាំង។ ប៉ុន្តែអ្នកជំងឺផ្ទាល់អាចជួយខ្លួនឯងតាមរយៈកាយវិការដ៏សាមញ្ញៗ ដូចជាបន្តបញ្ចេញសកម្មភាពកាយសម្បទា ទទួលទានឱ្យបានជាប់លាប់និងត្រឹមត្រូវ។ នេះជាការណែនាំរបស់អ្នកស្រីវេជ្ជបណ្ឌិត ចំពោះគ្រប់អ្នកជំងឺមហារីកទាំងអស់ សូមស្តាប់ប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត Alexandra Leary
“គ្រប់អ្នកជំងឺសុទ្ធតែបានដឹងជាមុនអំពីផលរំខាននៃការព្យាបាលដោយថ្នាំគីមី។ ប៉ុន្តែអ្វីដែលលំបាកបំផុត គឺនៅពេលជួបផលរំខាននោះដោយជាក់ស្តែង។ មានផលរំខានខ្លះ គ្រូពេទ្យអាចជួយបាន ប៉ុន្តែផលរំខានខ្លះទៀត មិនអាចទេ។ ខ្ញុំសូមសារភាពដោយត្រង់ថា ខ្ញុំគ្មានថ្នាំអីលេបទៅធ្វើឱ្យបាត់អាការៈអស់កម្លាំងទេ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកជំងឺអាចជួយខ្លួនឯងបាន! សូមបន្តរក្សាខ្លួនឱ្យមានសកម្មជានិច្ច ! កុំដំអក់យល់ថាខ្លួនឈឺ ខ្លួនកើតមហារីក ខ្សោយអស់កម្លាំងហើយលាក់ខ្លួនពួនដេកនៅលើគ្រែ ក្នុងផ្ទះឱ្យសោះ។ សូមសាកល្បងបញ្ចេញកម្លាំងកាយសម្បទា ធ្វើសកម្មភាពកីឡា។ ខ្ញុំមិនឱ្យអ្នកទៅហក់លោត ឬរត់ប្រណាំងម៉ារ៉ាតុងទេ តែអ្នកអាច ហាត់ប្រាណជំនួយបេះដូង សរសៃឈាម។ ភាពសកម្ម នឹងជួយអ្នកបានច្រើនណាស់។ សូមជឿចុះ! ចំណែកឯរបបអាហារវិញ សូមកុំធ្វើបាបខ្លួនបង្អត់ និងតមអាហារអី ជាពិសេសចំពោះអ្នកជំងឺដែលស្រកគីឡូ និងខ្សោយស្រាប់។ សូមចងចាំថា នៅពេលកំពុងព្យាបាល អ្នកជំងឺបាត់បង់ចំណង់ក្នុងការទទួលទាន ព្រោះជួនមាត់លែងដឹងរសជាតិ ជួនហេងហាងដូចមានរសជាតិស៊ីច្រេះក្នុងមាត់។ ដូច្នេះសូមជ្រើសរើសមុខម្ហូបណាដែលមានរសជាតិខ្លាំងៗ ខុសប្លែកពីអ្វីយើងមានទម្លាប់បរិភោគកាលមុនឈឺ ជាបន្លែផ្លែឈើស្រស់ៗ ឬជាអាហារហិរៗ បើមាត់លែងដឹងជាតិ”។
អ្នកជំងឺមហារីកកំពុងចាក់គីមី អាចស្វែងការវិធីជួយសម្រួលអាការៈធ្វើទុក្ខ ផ្សេងទៀត។ ជាជំនួយអមវេជ្ជសាស្ត្រ ដែលមិនមែនជាការប្រើថ្នាំ ដែលមិនមែនជាការព្យាបាលដោយប្រើថ្នាំ តែគឺការសម្រួលសរសៃ សម្រួលចលនា ដូចជាការធ្វើម៉ាស្សាច្របាច់បាតជើង ប្របាច់សរសៃ ឬដោយការប្រើម្ជុលវិទ្យាសាស្ត្រ ព្រោះវិធីសាស្ត្រទាំងនេះ គ្មានហានិភ័យប៉ះពាល់ដល់ការព្យាបាលដោយថ្នាំគីមីទេ គឺមានតែផ្តល់ផលល្អដែលអ្នកជំងឺនឹងដឹងភ្លាមនៅពេលបានសាកល្បងម្តងឬពីរដង។ បើតាមអ្នកស្រីវេជ្ជបណ្ឌិត អ្នកជំងឺមហារីកចំនួនពាក់កណ្តាល មានអារម្មណ៍ថាធូរស្បើយច្រើននៅពេលបានទទួលជំនួយអមវេជ្ជសាស្ត្រ៕
មូសខ្លាកាន់តែធុននឹងថ្នាំ តើត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមបានយ៉ាងដូចម្តេច ?
មូសដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងជំងឺធ្ងន់ធ្ងរផ្សេងតៀត កំពុងលូតលាស់ស៊ាំនឹងថ្នាំបាញ់មូសយ៉ាងខ្លាំងក្លា នៅតំបន់ខ្លះនៃទ្វីបអាស៊ី។ ជាការធុនខ្លាំង ដែលតម្រូវឱ្យយើងស្វែងរកមធ្យោបាយថ្មី បន្ទាន់ សម្រាប់ទប់ស្កាត់ការចម្លងជំងឺ។ នេះបើតាមការសិក្សាថ្មីមួយរបស់ជប៉ុនទើបចេញផ្សាយកាលពីចុងខែធ្នូឆ្នាំ២០២២។
ដុតធូប បាញ់ថ្នាំ ... ជាវិធីសាស្ត្រកម្ចាត់មូសដែលបណ្តាជនរស់នៅតំបន់ត្រូពិក តំបន់មានមូសច្រើន តែងធ្វើស្ទើរជារៀងរាល់ថ្ងៃ។ បាញ់រាល់ថ្ងៃ តែមូសនៅតែច្រើនដដែល។ ប្តូរប្រភេទថ្នាំបាញ់មូសហើយក៏ដូចជាមិនសូវមានប្រសិទ្ធភាព។ តាមការពិត ភាពស៊ាំនឹងថ្នាំមូស ធ្លាប់ត្រូវបានគេខ្វល់គិតនិងដឹងខ្លះមកហើយ គ្រាន់តែរហូតមកទល់នឹងពេលនេះ គេនៅមិនទាន់បានដឹងថាតើពពួកមូសទាំងអស់នោះធុននឹងថ្នាំសម្លាប់សត្វត្រឹមកំរិតណាតែប៉ុណ្ណោះ។
នៅថ្ងៃនេះ អ្នកវិទ្យាសាស្ត្រជាតិជប៉ុន លោក Shinji Kasai និងក្រុមការងាររបស់លោក បានធ្វើការសិក្សាអំពីសត្វមូស នៅក្នុងបណ្តាប្រទេសជាច្រើននៅទ្វីបអាស៊ី និងនៅប្រទេសហ្កាណាលើទ្វីបអាហ្វ្រិក។ ក្រុមអ្នកស្រាវជ្រាវបានសម្គាល់ឃើញហ្សែនរបស់សត្វមូស បានធ្វើការបំប្លែងច្រើន ទើបសត្វមូសកាន់តែខ្លាំងហើយស៊ាំនឹងពពួកថ្នាំបាញ់ដែលមានប្រើប្រាស់ស្ទើរជាទូទៅ ផលិតដោយប្រើសារធាតុPerméthrine។
បើតាមលោកកាសៃ មូសពពួកAedes aegypti មូសខ្លាដែលជាភ្នាក់ងារបង្កជំងឺគ្រុនឈាម ហ្ស៊ីកា ឈីក និងគ្រុនលឿង នៅក្នុងប្រទេសកម្ពុជាចំនួនជាង៩០% មានការបំប្លែងហ្សែនច្រើនមែនទែនរហូតអាចធុននឹងថ្នាំសម្លាប់សត្វល្អិត (ថ្នាំបាញ់មូស)។ ជាការធុនខ្លាំង ក្នុងកំរិតខ្ពស់បំផុត។ នាយកដេប៉ាតឺម៉ង់វេជ្ជសាស្ត្រសត្វល្អិតនៃវិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ជប៉ុនរូបនេះ បានរកឃើញទៀតថា មូសប្រភេទខ្លះដែលតាមធម្មតាត្រូវកម្ទេចបានទាំងស្រុង(១០០%) ដោយថ្នាំបាញ់មូសនោះ ឥលូវកម្ចាត់បានត្រឹមតែ៧%ប៉ុណ្ណោះ។ ហើយបើទោះបីជាគេបង្កើនកំរិតជាតិពុលក្នុងថ្នាំបាញ់មូសនោះឡើងទ្វេជា១០ ក៏គេអាចសម្លាប់ពពួកមូសទាំងអស់នោះបានត្រឹមតែ៣០% យ៉ាងច្រើន។
ជាសំណាងល្អ កំរិតនៃភាពធុននឹងថ្នាំបាញ់មូសខុសគ្នាពីតំបន់មួយទៅតំបន់មួយ សូម្បីតែនៅប្រទេសវៀតណាមជាប់របងនឹងប្រទេសកម្ពុជា ជាឧទាហរណ៍ជាក់ស្តែង ក៏កំរិតនៃភាពស៊ាំនឹងថ្នាំសម្លាប់របស់សត្វមូសវៀតណាម ខុសពីមូសខ្មែរដែរ។ នេះបើតាមប្រសាសន៍បញ្ជាក់របស់លោកកាសៃដដែល ដោយបន្ថែមថា នៅក្នុងលទ្ធផលនៃការសិក្សា ថ្នាំបាញ់មូសនៅមានប្រសិទ្ធភាពខ្ពស់ នៅឡើយ សម្រាប់ប្រទេសហ្កាណាលើទ្វីបអាហ្វ្រិក សម្រាប់តំបន់ខ្លះនៃប្រទេសឥណ្ឌូណេស៊ី និងកោះតៃវ៉ាន់។
ពពួកមូសខ្លា ពូជAedes albopictus ក៏ចាប់ធុននឹងថ្នាំបាញ់មូសដែរ គ្រាន់តែក្នុងកំរិតនៅទាបជាងពូជមូសAedes aegypti។
ជាមួយចម្ងល់ គ្មានចម្លើយសោះ ជុំវិញមូលហេតុ ទីកន្លែងនិងពេលវេលានៃការបំប្លែងហ្សែនរបស់សត្វមូស រហូតក្លាយជាសត្វធុនខ្លាំងនឹងថ្នាំសម្លាប់ល្អិត លោកកាសៃ ព្រួយបារម្ភខ្លាចតែភាពស៊ាំរបស់មូស ដែលរកឃើញនៅពេលនេះ បន្តរីករាលដាល យ៉ាងលឿនរហ័សក្នុងអនាគតដ៏ខ្លីនៅពេញពិភពលោកទេ។
បើមូសធុននឹងថ្នាំសម្លាប់សត្វល្អិត តើគេអាចប្រយុទ្ធប្រឆាំងនឹងវាបានយ៉ាងដូចម្តេចទៅវិញទៅ ?!
លោក កាសៃ បានណែនាំឱ្យឧស្សាហ៍ប្តូរផ្លាស់ប្រភេទថ្នាំបាញ់មូស តែលោកក៏បានទទួលស្គាល់ដែរថា បញ្ហាដ៏ចម្បងនោះ គឺគ្រប់ថ្នាំបាញ់មូស មានសារធាតុសកម្មប្រហាក់ប្រហែលគ្នា។ ដូច្នេះជម្រើសដ៏ប្រសើរជាងគេមួយទៀត គឺត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែង លុបបំបាត់តំបន់ជាជម្រកបង្កបង្កើតមូស ឬត្រូវរកបច្ចេកវិទ្យាថ្មីណាដែលទៅធ្វើមូសឈ្មោលអារ មិនអាចបន្តពូជបាន។
ចេញផ្សាយក្នុងទស្សនាវដ្តីScience Advances កាលពីចុងខែធ្នូ២០២២ ការសិក្សារបស់អ្នកជំនាញនៅសកលវិទ្យាល័យSydney លោក កាមឺរោន វេប Cameron Webb បានបង្ហាញថា យុទ្ធសាស្ត្រដែលមនុស្សលោកកំពុងប្រើជាប្រចាំនិងជាញឹកញយ នាពេលបច្ចុប្បន្ននេះលែងសូវមានប្រសិទ្ធភាពប្រឆាំងនឹងសត្វល្អិតចង្រៃមូសហើយ។ គេចាំបាច់ត្រូវតែស្វែងរកសារធាតុគីមីថ្មី ប៉ុន្តែអាជ្ញាធរនិងអ្នកវិទ្យាសាស្ត្រត្រូវពិចារណាផងដែរ រកវិធីសាស្ត្រថ្មី សម្រាប់ការពារ ដូចយ៉ាងថ្នាំបង្ការជំងឺវិញទៀតប្រសើរជាង។ បើតាមអង្គការសុខភាពពិភពលោក ករណីកើតជំងឺគ្រុនឈាមបានកើនឡើង គួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ នៅទូទាំងពិភពលោក នារយៈពេល២០ឆ្នាំចុងក្រោយមកនេះ។ ក្នុងមួយឆ្នាំៗ មានមនុស្សក្មេងចាស់ប្រុសស្រី ប្រមាណពី១០០ទៅ៤០០លាននាក់កើតជំងឺគ្រុនឈាម ក្នុងនោះ៨០%ជាអាការៈជំងឺស្រាល ឬគ្មានរោគសញ្ញាទេ តែក៏មានអ្នកជំងឺមិនតិចដែរ បានស្លាប់ដោយជំងឺគ្រុនឈាម។ នេះបើតាមតួលេខរបស់អង្គការសុខភាពពិភពលោកដដែល។
មកទល់នឹងពេលនេះ គេរកឃើញថ្នាំបង្ការជំងឺគ្រុនឈាមបានពីរបីមុខដែរ គឺវ៉ាក់សាំងផលិតដោយក្រុមហ៊ុនជប៉ុន Takeda និងក្រុមហ៊ុនបារាំង។ ប៉ុន្តែប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនបារាំង សាណូហ្វី នៅមានកំរិតណាស់ ដោយវាអាចបង្កផលរំខានធ្ងន់ធ្ងរដល់អ្នកដែលមិនធ្លាប់កើតជំងឺគ្រុនឈាមសោះ។ មានន័យថាថ្នាំបង្ការDengvaxia របស់បារាំង បានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ នៅអឺរ៉ុបតាំងពីឆ្នាំ២០១៨មកមែន តែសម្រាប់ប្រជាពលរដ្ឋរស់ក្នុងតំបន់ប្រឈមនឹងជំងឺគ្រុនឈាមខ្លាំង និងសម្រាប់អ្នកធ្លាប់កើតជំងឺគ្រុនឈាមដោយពិតៗ។ វ៉ាក់សាំងDengvaxia អាចការពារមិនឱ្យជំងឺធ្លាក់ក្នុងទម្រង់ធ្ងន់ធ្ងរដែលកើតឡើងជាញឹកញាប់ចំពោះអ្នកដែលឆ្លងជំងឺគ្រុនឈាមញយដង។
ចំណែកថ្នាំបង្ការជំងឺគ្រុនឈាមជប៉ុន Qdenga ទើបអនុម័តឱ្យប្រើប្រាស់ កាលពីឆ្នាំទៅ និងជាលើកដំបូងគេបង្អស់ ដោយប្រទេសឥណ្ឌូណេស៊ីតែមួយគត់។ Qdenga ជាថ្នាំបង្ការរបស់ជប៉ុនសុទ្ធសាធ និងអាចចាក់លើមនុស្សគ្រប់វ័យចាប់ពីអាយុ៤ឆ្នាំឡើងទៅ។ អ្នកធ្លាប់កើតជំងឺគ្រុនឈាម និងអ្នកមិនធ្លាប់កើត សុទ្ធតែអាចចាក់បានដូចគ្នា និងទទួលលទ្ធផលដូចគ្នា។ នៅក្នុងការសាកល្បង លើកុមារ និងមនុស្សធំ ជាង ២៨០០០នាក់ ក្នុងរយៈពេល៥ឆ្នាំ ថ្នាំបានផ្តល់លទ្ធផលគួរជាទីគាប់ចិត្ត ដោយមានប្រសិទ្ធភាពដល់ទៅ ៨៤% ទប់មិនឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺចូលព្យាបាលក្នុងមន្ទីរពេទ្យ និងមិនឱ្យលេចសញ្ញារោគគ្រុនឈាមបាន ៦១%៕
តើយើងគួរព្រួយបារម្ភនឹងការខ្វះថ្នាំផ្សះ Amoxicilline ដែរឬទេ ?
កាលពីចុងខែធ្នូ ប្រឈមនឹងរលកចម្លងកូវីដ១៩យ៉ាងខ្លាំងក្លានៅក្នុងប្រទេសក្រោយការលុបចោលនយោបាយសូន្យកូវីដ រដ្ឋាភិបាលចិន បានបញ្ជាឱ្យក្រុមហ៊ុន ស្តុកទុកឱសថចាំបាច់និងសំខាន់ៗសម្រាប់រដ្ឋ ដោយមិនត្រូវលក់ចែកចាយទៅឱ្យឯកជនទេ។ កង្វះឱសថមិនមែនជាបញ្ហារបស់ប្រទេសចិនតែមួយឡើយ តែជាបញ្ហារបស់ពិភពលោកទាំងមូល។
តាំងពីជាច្រើនខែមកនេះ ពិភពលោកទាំងមូលកំពុងប្រឈមនឹងការខ្វះថ្នាំព្យាបាលជំងឺជាច្រើនមុខ។ បាតុភូតខ្វះមូលេគុលថ្នាំនេះបានលេចឡើងតាំងពីជាច្រើនទសវត្សរ៍មកហើយ ដោយនិន្នាការសកលភាវូបនីកម្ម ប្រមូលផ្តុំការផលិតសារធាតុសកម្មនៅតែអាស៊ី ក្នុងប្រទេសពីរបីមាន។ ប៉ុន្តែវាទើបស្តែងឱ្យឃើញកាន់តែច្បាស់ និងកាន់តែធ្ងន់ធ្ងរ នៅពេលពិភពលោកឆ្លងកាត់វិបត្តិរោគរាតត្បាតសកលកូវីដ១៩។ កាលពីឆ្នាំ២០២១ ភ្នាក់ងារសន្តិសុខឱសថបារាំង បានទទួលសញ្ញាថាមានបញ្ហាស្តុកថ្នាំចំនយណ២១៦០ករណី ទល់នឹង៤០៥ករណីកាលពីឆ្នាំ២០១៦ និង១៥០៤ករណីនៅឆ្នាំ២០១៩ និងឡើងដល់២៥០០នៅឆ្នាំ២០២០ ពេលវិបត្តិកូវីដកំពុងពេញអំណាច។
សម្ពាធផ្នែកឱសថមិនមែនកើតមានតែក្នុងប្រទេសបារាំង ដូចបានរៀបរាប់មកនេះទេ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អង់គ្លេស អាល្លឺម៉ង់ ... ក៏កំពុងទាញសញ្ញាអាសន្នខ្វះថ្នាំ ជាច្រើនមុខដែរ។ ចិន ប្រទេសជាប់ឈ្មោះជាអ្នកផលិតសារធាតុសកម្មរបស់ថ្នាំដ៏ធំជាងគេបំផុត ក៏ប្រកាសហាមឃាត់មិនឱ្យក្រុមហ៊ុនឱសថលក់ថ្នាំចែកចាយឱ្យឯកជនទេ ត្រូវទុកសម្រាប់ផ្គត់ផ្គង់ឱ្យរដ្ឋ។
សម្រាប់អ្នកជំនាញក្នុងវិស័យនេះផ្ទាល់ ពួកគេបន្ទោសគំរូសេដ្ឋកិច្ចដែលក្រុមហ៊ុនមន្ទីរពិសោធន៍ធំៗ គិតតែពីផលប្រយោជន៍ គិតតែពីស្វែងរកផលចំណេញ តាមរយៈការផលិតថ្នាំថ្មីៗ ហើយបោះបង់ ឬលែងសូវខ្វល់គិតផលិតមូលេគុលចាស់។ បើតាមរបាយការណ៍ មួយ ចេញផ្សាយកាលពីឆ្នាំ២០២០ នៅប្រទេសបារាំង ថ្នាំរកឃើញថ្មីៗ លក់បានថ្លៃ មានបញ្ហាយ៉ាងតិចតួចបំផុត។
តើពិភពលោកកំពុងប្រឈមនឹងការខ្វះថ្នាំអ្វីខ្លះ ?
ថ្វីបើពពួកថ្នាំដែលមានប្រយោជន៍ចម្បងក្នុងការព្យាបាលជំងឺបីប្រភេទ ប្រឆាំងការបង្ករោគ ថ្នាំសម្រាប់ប្រព័ន្ធប្រសាទ និងប្រព័ន្ធសរសៃឈាមបេះដូង កំពុងតានតឹងខ្លាំងមែន តែបញ្ហាខ្វះខាតដែលប្រឈមខ្លាំងជាងគេ មានទាក់ទងជាពិសេសតែម្តងនឹងពពួកថ្នាំដែលមានការប្រើប្រាស់ជាញឹកញាប់ជាងគេតែម្តង។ នោះ គឺថ្នាំបំបាត់ការឈឺចាប់ បំបាត់អាការៈក្តៅខ្លួន ថ្នាំផ្សះ មានជាអាទិ៍ ថ្នាំប៉ារ៉ាសេតាមុល ... និង ថ្នាំអាម៉ុកស៊ីស៊ីលីន។
ជាដំណោះស្រាយសម្រាប់រយៈពេលខ្លី ក្រុមហ៊ុនឧស្សាហកម្មឱសថចាប់ផ្តើមបង្កើនល្បឿនផលិតឡើងវិញ ចំណែកអាជ្ញាធរសុខាភិបាលបានណែនាំឱ្យអ្នកជំនាញសុខភាព យកមូលេគុលដែលនៅមានមកប្រើជំនួសមូលេគុលខ្វះខាត ប្រសិនបើអាច ឬកំរិតរយៈពេលប្រើប្រាស់ ជាដើម។
ហេតុអ្វីជង្គង់ឈឺ ? តើត្រូវធ្វើដូចម្តេច ?
ឆ្អឹងស្ពោត រលាកសន្លាក់ បុកទង្គិច គ្រេច ... រោគនៅជង្គង់មានច្រើន។ មូលហេតុនាំឱ្យឈឺជង្គង់ក៏មានច្រើន និងអាចកើតលើមនុស្សគ្រប់វ័យ តែការឈឺចុកចាប់នៅក្បាលជង្គង់ គាំងតឹងរោយ ជារោគសញ្ញារួម។ ហេតុអ្វី ឈឺជង្គង់ និងត្រូវធ្វើដូចម្តេច ? តើគេអាចថែរក្សាជង្គង់ និងកាត់បន្ថយការឈឺចាប់នៅជង្គង់បានដោយវិធីណាខ្លះ ?
ជង្គង់គឺជាសន្លាក់ដ៏ចម្បងគេរបស់សរីរាង្គកាយមនុស្ស ព្រោះវាជាទម្រភ្ជាប់ពីជើងទៅភ្លៅ។ សន្លាក់ជង្គង់ ស្នូលសម្រាប់ការបត់បែននៃរាងកាយ ដោយចេះបែងចែកការទ្រទម្ងន់នៃខ្លួនប្រាណ និងដើរតួរសំខាន់ក្នុងការធ្វើចលនារបស់ជើងផង។ សន្លាក់ជង្គង់ទាំងមូល គឺរាប់តាំងពីចុងខាងក្នុងនៃឆ្អឹងកំភួនជើង ទៅដល់ចុងឆ្អឹងភ្លៅ ព្រមទាំងគ្រាប់អង្គុញក្បាលជង្គង់នៅផ្នែកខាងមុខផង។
ដោយសារតួនាទីដ៏ច្រើន និងដ៏សំខាន់របស់សន្លាក់របស់ជង្គង់នេះហើយ ទើបពេលខ្លះ ជង្គង់ងាយរិចរិលនិងទ្រុឌទ្រោម ហើយអាចបង្កឱ្យមានការឈឺចុកចាប់យ៉ាងខ្លាំងនៅក្បាលជង្គង់។ អាការៈសញ្ញារោគនៃការឈឺក្បាលជង្គង់ មានសំខាន់ពីរ គឺ ការឈឺចុកចាប់ និងការរឹងគាំង។ នេះបើតាមការពន្យល់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អាឡាំង សូតតេ ដោយលម្អិតទៀតថា ការឈឺចុកចាប់អាចកើតឡើងដោយចលនា មានន័យថា ឈឺដោយពេល ឈឺខ្លាំងពេលធ្វើចលនា និងអន់ឈឺពេលនៅស្ងៀម ឬជាការឈឺចុកចាប់ដោយមានការរលាក។ ក្នុងករណីនេះ ការឈឺចុកចាប់អាចខ្លាំង រហូតដាស់អ្នកទាំងយប់។ ជាទូទៅ ជង្គង់ឡើងប៉ោងហើម ក្តៅ និងជួនឡើងក្រហមទៀតផង។ បើជង្គង់រឹងគាំងវិញ វានឹងបង្កការលំបាកនៅពេលបត់ ឬនៅពេលលា ហើយរំខានខ្លាំងនៅពេលដើរ។
ចុះតើនៅពេលណា និងមានរោគសញ្ញាយ៉ាងណា ដែលជំរុញឱ្យអ្នកជំងឺត្រូវតែទៅស្វែងរកការព្យាបាល ពិគ្រោះជំងឺពីគ្រូពេទ្យ ? សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អាឡាំងសូតតេ គ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យ សាំងអង់ទាន់ ក្រុងប៉ារីស ៖ លោកសាស្ត្រាចារ្យ អាឡាំង សូតតេ ៖
“ទីមួយ គឺនៅពេលអាការៈឈឺជង្គង់មានអមដោយការលំបាកក្នុងការដើរ ក្នុងការឡើងជណ្តើរ ឬមានសញ្ញារោគអមសម្គាល់មួយទៀត គឺជង្គង់ឡើងប៉ោងធំលើសប្រក្រតី ដែលរំខានការធ្វើចលនា ជាពិសេសមិនអាចបត់-បន្ទន់បាន។”
ក្នុងនាមជាសន្លាក់ទម្រ ជង្គង់ងាយនឹងឈឺណាស់។ តើនេះបណ្តាលមកពីអ្វី ? ឬអាចចោទសួរបញ្ច្រាសមកវិញថា តើអ្វីជាបញ្ហាដែលអាចកើតមានច្រើនចំពោះជង្គង់ ? សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ សូតតេ ជាថ្មី ៖
“ជង្គង់អាចជួបបញ្ហា អាស្រ័យទៅលើដំណាក់កាលនៃជីវិត។ ចំពោះមនុស្សវ័យក្មេង សកម្ម និងជាអ្នកកីឡា នោះជំងឺរបស់ជង្គង់មានពាក់ព័ន្ធនឹងប្រភេទកីឡា ដូចជាគ្រេច ដាច់ឬព័ន្ធសរសៃជង្គង់ ឬបាក់។ ជាមួយពេលវេលាកាន់តែទៅមុខ ជង្គង់អាចជួបបញ្ហាបង្កឡើងដោយការឡើងទម្ងន់។ ចំពោះមនុស្សចំណាស់ ចូលដល់មជ្ឈិមវ័យ ការឈឺជង្គង់ច្រើនតែបញ្ហា
ដែលបង្កឡើងដោយជំងឺសឹកខូចសន្លាក់។ សន្លាក់ដែលតភ្ជាប់ពីជង្គង់ទៅឆ្អឹងកំភួនជើង ឬត ទៅឆ្អឹងភ្លៅ។ តំណដែលមានឈ្មោះបច្ចេកទេស Patella ដែលយើងតែទម្លាប់ហៅគ្រាប់អង្គុញជង្គង់។
ការរលាកសន្លាក់ រលាកសរសៃ រលាកឆ្អឹង ក៏ជាដើមហេតុមួយដែលនាំឱ្យឈឺក្បាលជង្គង់ដែរ។ តែវាករណីដ៏កម្របំផុតដែលការឈឺក្បាលជង្គង់អាចបណ្តាលមកពីមានដុះដុំសាច់ ឬដុំមហារីក នៅលើផ្នែកណាមួយនៃសន្លាក់ជង្គង់ (ឆ្អឹង ឆ្អឹងខ្ចី ...)។ ដើម្បីអាចរកឃើញមូលហេតុនៃការឈឺជង្គង់ គ្រូពេទ្យអាចតម្រូវឱ្យអ្នកជំងឺទៅថតឆ្លុះ ធ្វើRadio ថតពីមុខ និងពីចំហៀង។ ការថតរ៉ាយោ សឹងតែគ្រប់គ្រាន់សម្រាប់ផ្តល់ការវិនិច្ឆ័យរោគឈឺជង្គង់ ភាគច្រើន។ មានករណីឈឺតិចតួចណាស់ ដែលគ្រូពេទ្យអាចណែនាំឱ្យថតអឹមរ៉ាយ ឬថតស្កាន។ ការថតបែបនេះមិនត្រូវធ្វើឡើងជាស្វ័យប្រវត្តិឡើយ ព្រោះគ្មានប្រយោជន៍។ ជាទូទៅមនុស្សគ្រប់រូបនៅពេលចូលដល់វ័យចាប់៤០ឆ្នាំ ជង្គង់ច្រើនចាប់មានសញ្ញាចាស់ទ្រុឌទ្រោម ថតទៅឃើញមានស្នាម នាំឱ្យគិតថាមានបញ្ហាសន្លាក់ រួចទៅចាក់រុកមើលបន្ថែមឥតអំពើ។ វិធីសាស្ត្រវិភាគមួយទៀត គឺការចាក់យកទឹកនៅក្បាលជង្គង់មកវិភាគដើម្បីបែងចែកអាការៈហើមឈឺបណ្តាលមកពីការបង្ករោគ ឬការរលាក។
ក្នុងពេលរង់ចាំការពិគ្រោះជំងឺវែករកមូលហេតុនៃការឈឺជង្គង់ គេអាចបំបាត់ឬបញ្ចុះការឈឺចាប់ ដោយអាចសាកល្បងព្យាបាលដោយខ្លួនឯង ដោយប្រើថ្នាំ លាបថ្នាំរឹត ឬថ្នាំលេបបំបាត់ការឈឺចុកចាប់ពពួកប៉ារ៉ាសេតាម៉ុល ពីរបីថ្ងៃយ៉ាងយូរ និង ដោយការប្តូរផ្លាស់ទម្លាប់ប្រចាំថ្ងៃបន្តិចបន្តួច ដ៏សាមញ្ញ។
បើជាការឈឺជង្គង់បង្កឡើងដោយការបុកទង្គិច-ដួល ៖
ត្រូវបញ្ឈប់ធ្វើចលនា និងសកម្មភាពកីឡា។ ថ្នមជង្គង់ដោយចៀសកុំប្រើកម្លាំងសង្កត់លើជើង ស្អំជង្គង់ដោយទឹកត្រជាក់ឬទឹកកក រុំជើងតែកុំរឹតតឹងត្រង់ក្បាលជង្គង់ ឧស្សាហ៍លើកជើង ដើម្បីកុំឱ្យហើមជើង
បើជាការឈឺដោយមូលហេតុផ្សេង
ចៀសវាងកុំដើរនៅពេលកំពុងឈឺ និងកុំឈរយូរ ឧស្សាហ៍ទម្រេខ្លួន និងសម្រាក ចៀសវាងកុំលើក-យួរ របស់ធ្ងន់ បន្តដើរជាប្រចាំនៅពេលឈប់ឈឺ បើចាំបាច់ គួរតែប្រើឈើច្រត់ ដើម្បីជួយសម្រាលទម្ងន់កុំឱ្យសង្កត់ទៅលើសន្លាក់ពេក ពេលសំរាន្ត សណ្តូកជើងយកខ្នើយកល់ចុងជើងឱ្យខ្ពស់ស្មើក្បាល ថែទាំជើង ដោយជ្រើសរើសស្បែកស្រួលពាក់ និងគ្មានកែង ហើយបើចង់ឱ្យកាន់តែប្រសើរខ្លាំងទៀត ត្រូវសម្រកទម្ងន់ ព្រោះធាត់ជាមារចាំផ្ចាញ់ជង្គង់។
នេះដំបូន្មានណែនាំដោយលោកសាស្ត្រាចារ្យ សូតតេ ស្តីពីការថែរក្សាសុខភាពជង្គង់ឱ្យបានមាំមួនល្អយូរអង្វែង។ សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ ៖
“កត្តាអវិជ្ជមានដ៏សំខាន់ដែលជំរុញឱ្យមានជំងឺសន្លាក់គឺ ជំងឺធាត់។ ជាឧទាហរណ៍ជាក់ស្តែងនៅក្នុងប្រទេសបារាំង មានការវះកាត់ប្តូរឆ្អឹងត្រគៀក ចំនួន ១២៥០០០ករណីនិង៩០០០០ជាការវះកាត់ប្តូរជង្គង់។ ចំណែកនៅសហរដ្ឋអាមេរិកដែលមានប្រជាជនជិត៤០%ជាមនុស្សធាត់ជ្រុលវិញ មានការវះកាត់ប្តូរឆ្អឹងត្រគៀក និងជង្គង់ ច្រើនជាងនៅបារាំងដល់ពីរដង។ ដូច្នេះ ការធាត់ជ្រុលជាកត្តាសម្រួលឱ្យមានបញ្ហាសន្លាក់ក្បាលជង្គង់។”
បញ្ចុះទម្ងន់ ធ្វើកីឡាហែលទឹក ធ្វើចលនាសរសៃ សុទ្ធសឹងជាមធ្យោបាយព្យាបាលការឈឺជង្គង់។ គ្រូពេទ្យក៏អាចផ្តល់ថ្នាំរឹត ជាជែល ជាបង់រុំ ឬការប្រើប្រាស់ថ្នាំលេប ពពួកថ្នាំបំបាត់ការឈឺចាប់ ក្នុងករណីចាំបាច់ខ្លាំង។ ជួនអាចមានការផ្តល់ថ្នាំពពួកCorticoïde។ ការវះកាត់ប្តូរជង្គង់អាចនឹងមានស្នើឡើង ប្រសិនបើគ្រប់វិធីព្យាបាលជួបបរាជ័យ៕
តើបាយប៉ូឡា Bipolar ជាជំងឺអ្វី ?
កម្មវិធីសុខភាពថ្ងៃនេះ សូមណែនាំលោកអ្នកនាងឱ្យបានស្គាល់ អំពីជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយ ដែលហៅជាភាសាបារាំង ប៊ីប៉ូឡែរ ឬបាយប៉ូឡា ជាភាសាអង់គ្លេស។ អង្គការសុខភាពពិភពលោកចាត់ទុកបាយប៉ូឡាជាជំងឺមួយក្នុងចំណោមជំងឺ១០មុខ ដែលបង្កឱ្យមានពិការភាពយ៉ាងធ្ងន់ធ្ងរតើជំងឺនេះ មានទម្រង់បែបណា ? និងមានលក្ខណៈធ្ងន់ធ្ងរបែបណា ?
សូមស្តាប់បទសម្ភាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
Rádios semelhantes
ToXoRs minimalRADIO
Günzburg, Podcast, Trance, Techno, Minimal
RGS - Radio Grandi Successi
Podcast, Electro, Rock
Greensleeves Radio
Mainz, Podcast, Rock, Indie, Alternativo
London Taxi Radio
Londres, Talk, Podcast
radioH2o
Lorrainville, Talk, Podcast, Rock Clássico, Rock
Radio hsf
Ilmenau, Rock, Podcast, Hip Hop
Radio Vercelli
Alessandria, Podcast
Straightsound
Berlim, Podcast
Nova 80
São Paulo, Pop, Podcast, Techno
Rádio Cantinho dos Emigrantes
Podcast
ahoy radio
Hamburgo, Alternativo, Podcast, Electro, Indie, Urbano
Radio DEEP Romania
Bucareste, Podcast, Filmes & Musicais, Electrónica, Dancehall
Radio Widok
Varsovie, Podcast
Ouve នាទីសុខភាពនិងអនាម័យ, ភ្ញៀវប្រចាំថ្ងៃ E várias outras estações de todo o mundo com a aplicação radio.pt

នាទីសុខភាពនិងអនាម័យ
Descarregue agora gratuitamente e ouve facilmente o rádio e podcasts.


នាទីសុខភាពនិងអនាម័យ: Podcast do grupo
នាទីសុខភាពនិងអនាម័យ: Rádios do grupo